លោក ហ្សង់ ហ្សាក់រូសូ (Jean-Jacques Rousseau) ទស្សនវិទូ និងអ្នកនិពន្ធជនជាតិបារាំង នាសតវត្សទី១៨
បានលើកទស្សនៈមួយឃ្លាឡើងថា “មនុស្សកើតមកសុទ្ធតែល្អដូចគ្នា
គឺសង្គមទេដែលធ្វើឱ្យមនុស្សអាក្រក់”[1]។ ក្នុងន័យនេះ
ហាក់បីចង់សំដៅថា កំណើតរបស់មនុស្សគ្រប់ៗរូបពិតជាមានយុត្តិធម៌ និងសមភាព
ពោលនៅពេលមនុស្សកើតមកសុទ្ធតែល្អដូចៗគ្នា
ប៉ុន្តែហេតុផលដែលជំរុញឱ្យមនុស្សក្លាយខ្លួនទៅជាមនុស្សអាក្រក់
ឬទុច្ចរិត គឺបណ្ដាលមកពីគ្រួសារ មជ្ឈដ្ឋាន ឬសង្គមដែលពួកគេរស់នៅតែប៉ុណ្ណោះ។
ពិតជាត្រឹមត្រូវមិនអាចប្រកែកបានពិតមែន!
គ្មានបុគ្គលណាម្នាក់មានចរិតអាក្រក់ព្រៃផ្សៃពីកំណើតនោះឡើយ
ពោលមនុស្សគ្រប់ៗរូបកើតមកប្រៀបដូចជាក្រដាសសស្អាតមួយសន្លឹកអ៊ីចឹង មានន័យថា
ពេលកើតមកមនុស្សមានខួរក្បាលស្អាតស្អំ គ្មានប្រឡាក់ប្រឡូសនឹងសេចក្ដីលោភលន់
គ្មានចិត្តអន្យតិរ្ថិយនោះទេ តែប្រសិនបើពួកគេរស់ក្នុងមជ្ឈដ្ឋាន
ឬសង្គមគ្រួសារដែលខ្មៅងងឹតនិងទុច្ចរិត
នោះពួកគេនឹងមានផ្នត់គំនិតទៅតាមសង្គមនោះជាក់ជាពុំខាន។
តួយ៉ាង
មិនថាកូនអ្នកមានទ្រព្យសម្បត្តិហៀរហូរ បុណ្យសក្តិឧត្ដុង្គឧត្ដម បញ្ញាជន
ឬកូនអ្នកក្រីក្រគ្មានទីពឹងពំនាក់នោះទេ
ប្រសិនបើពួកគេសេពគប់មិត្តភក្តិប្រើប្រាស់គ្រឿងញៀន ឬលេងល្បែងពាលាអាវ៉ាសែ
នោះពួកគេនឹងក្លាយខ្លួនទៅជាមនុស្សញៀនថ្នាំ ឬលេងល្បែងពាលាអាវ៉ាសែ
ឬក៏ក្លាយជាមនុស្សទុច្ចរិតក្នុងសង្គមក៏មាន។ ក៏ប៉ុន្តែ
ប្រសិនបើបុគ្គលទាំងនោះសេពគប់មិត្តល្អ ដើរតាមគន្លងធម៌
នោះពួកគេនឹងមានអនាគតល្អប្រសើរ។ ការណ៍នេះ សបញ្ជាក់ឱ្យយើងឃើញកាន់តែច្បាស់ថា
កត្តាដែលធ្វើឱ្យមនុស្សក្លាយជាបុគ្គលអាក្រក់ ពុំមែនមានមកពីកំណើតនោះទេ
គឺដោយសារតែសង្គម ឬមជ្ឈដ្ឋានដែលពួកគេរស់នៅតែប៉ុណ្ណោះ៕
[1] ឈឹម ភាវី, ទ្រឹស្ដីអក្សរសិល្ប៍,
ទំព័រទី៧៩, ២០១៣
No comments:
Post a Comment